អាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ថ្មសំណង់ ថ្មអារ ម្នាងសិលា និងថ្មផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល


គោលបំណង៖

អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែក្នុងគោលបំណងអនុវត្តការងារស្វែងរុករក និងអាជីវកម្មរ៉ែ រ៉ែសំណង់ និងធនធានរ៉ែឧស្សាហកម្មណាមួយបម្រើឱ្យការសាងសង់ឧស្សាហកម្មគីមី ឧស្សាហកម្មកែច្នៃ ហើយជីកយកអណ្ដូងរ៉ែបើក ឬការដ្ឋានវាយថ្ម។


មូលដ្ឋានគតិយុត្ត៖

មើលលម្អិត

•    ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ
•    ប្រកាសអន្តរក្រសួងលេខ១៤៥១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ដីពីការផ្ដល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់
•    ប្រកាសអន្តរក្រសួងលេខ១៩១ ប្រក.បស្ថ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ស្ដីពីចំណាត់ថ្នាក់នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងអាជីវកម្មរ៉ែសំណង់គ្រប់ប្រភេទ ឬរ៉ែផ្សេងទៀត ដែលមានលក្ខណៈជាសិប្បកម្ម ឬខ្នាតតូច
•    ប្រកាសអន្តរក្រសួងលេខ២៨៤ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្ដីពី អត្រាសួយសារលើតម្លៃធនធានរ៉ែ និងនីតិវិធីនៃការបង់សួយសារ
•    សេចក្ដីណែនាំលេខ០២៦៣ រថ.អធរ.សណន ស្ដីពីការបង់អត្ថប្រយោជន៍បន្ថែម មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងមូលនិធិសម្រាប់ការគ្រប់គ្រង និងកសាងសមត្ថភាពចំពោះធនធានរ៉ែសំណង់។


អតិថិជនដែលមានសិទ្ធទទួលសេវា៖

មើលលម្អិត

នីតិបុគ្គល ឬ រូបវ័ន្តបុគ្គល


ស្តង់ដារសេវា៖

ដើម្បីដំណើរការឯកសារស្នើសុំអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់សម្រាប់ថ្មសំណង់ ថ្មអារ ម្នាងសិលា និងថ្មផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល អតិថិជនត្រូវ ៖
1. បង់ថ្លៃដាក់ពាក្យសុំសេវាពិនិត្យ រៀបចំ និងដំណើរការឯកសារសម្រាប់ការផ្ដល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែ ចំនួន ៥០០,០០០ រៀល (ប្រាំរយពាន់រៀល)
2. បង់កម្រៃអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់សម្រាប់ថ្មសំណង់ ថ្មអារ ម្នាងសិលា និងថ្មផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល ចំនួន ២០,០០០,០០០ រៀល (ដប់លានរៀល) នៅពេលក្រសួងសម្រេចផ្ដល់អាជ្ញាបណ្ណ
3. ដើម្បីទទួលបានអាជ្ញាបណ្ណ ក្រសួងត្រូវប្រើពេល ៦០ថ្ងៃ ដូចខាងក្រោម៖
- ១៥ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ពិនិត្យ រៀបចំ និងដំណើរការឯកសារសម្រាប់ការផ្ដល់អាជ្ញាបណ្ណ
- ៤៥ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ដំណើរការត្រួតពិនិត្យ
4.    អាជ្ញាបណ្ណមានសុពលភាពរយៈពេល ២ឆ្នាំ។


តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

តម្រូវការឯកសារដើម្បីទទួលបានសេវាឯកសារសម្រាប់ដាក់ពាក្យសុំអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ រួមមាន៖
• ពាក្យស្នើសុំអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ...១ច្បាប់
• ប្រវត្តិរូបសង្ខេប និងច្បាប់ចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយមានការបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម...១ច្បាប់
• ច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម...១ច្បាប់
• របាយការណ៍សិក្សាវាយតម្លៃភូគព្ភសាស្រ្ត សក្ដានុពលធនធានរ៉ែ និងការរក្សាសមិទ្ធលទ្ធភាពសេដ្ឋកិច្ចជម្រករ៉ែដោយអ្នកជំនាញខាងភូគព្ភសាស្រ្តរ៉ែ...១ច្បាប់
• ឯកសារបញ្ជាក់ប្លង់កម្មសិទ្ធដីស្របច្បាប់ ក្នុងករណីប្រតិបត្តិការធនធានរ៉ែស្ថិតនៅក្នុងកម្មសិទ្ធដីឯកជន...១ច្បាប់
• គម្រោងបច្ចេកទេស និងផែនការអាជីវកម្ម ដោយរួមមានវិធានការចូលរួមលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន...១ច្បាប់
• ផែនការ និងគម្រោងប៉ាន់ស្មានថវិកាសម្រាប់ស្ដារការដ្ឋានឡើងវិញ...១ច្បាប់
• របាយការណ៍វាយតម្លៃបឋមនៃផលប៉ះពាល់បរិស្ថាន-សង្គម (និងជលវិទ្យាក្នុងករណីអាជីវកម្មធ្វើនៅក្នុងដងស្ទឹង ទន្លេ បឹងបួរ) និងផែនការការពារបរិស្ថាន-សង្គម និងកិច្ចព្រមព្រៀងសហគមន៍ក្នុងករណីមានផលប៉ះពាល់
ជាមួយសហគមន៍មូលដ្ឋាន...១ច្បាប់
• លិខិតអនុញ្ញាតផ្សេងៗចេញដោយស្ថាប័នមានសមត្ថកិច្ច...១ច្បាប់
• គម្រោងស្នើផែនការហិរញ្ញប្បទាន...១ច្បាប់
• បណ្ណបង់កម្រៃពិនិត្យសេវា...១ច្បាប់។


នីតិវិធីនៃការផ្ដល់សេវា៖

ក.ដំណើរការឯកសារ
1. សម្បទានិកត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែនិងថាមពល
2. អតិថិជនត្រូវបង់កម្រៃសេវាពិនិត្យ រៀបចំ និងដំណើរការឯកសារសម្រាប់ការផ្ដល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែ
3. ច្រកចេញចូលតែមួយបញ្ជូនសំណុំឯកសារជូនឯកឧត្តមរដ្ឋមន្រ្តី
4. ឯកឧត្តមរដ្ឋមន្រ្តីចាត់អគ្គនាយកដ្ឋានធនធានរ៉ែពិនិត្យសំណុំឯកសារ
5. អគ្គនាយកដ្ឋានធនធានរ៉ែចាត់នាយកដ្នានជំនាញត្រួតពិនិត្យឯកសារទៅតាមប្រភេទអាជ្ញាបណ្ណដែលអាជីវករស្នើសុំ
6. អង្គភាពជំនាញពិនិត្យលើសំណុំឯកសារស្នើសុំក្នុងរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ (ប្រសិនបើសំណុំឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់ នាយកដ្ឋានជំនាញបន្តនីតិវិធី)
7.​ ពិនិត្យសំណុំឯកសារស្នើសុំរួចមក(ត្រឹមត្រូវ និងគ្រប់គ្រាន់) នាយកដ្ឋានជំនាញមាន រយៈពេល ៤៥ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីត្រួតពិនិត្យទីតាំងបច្ចេកទេស មុននឹងឈានទៅដល់ការផ្ដល់យោបល់ជូន ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងផ្ដល់អាជ្ញាបណ្ណ
8. ពិនិត្យបច្ចេកទេសឃើញថាអាចអនុញ្ញាតឱ្យធ្វើអាជីវកម្មបាន នាយកដ្ឋានជំនាញត្រូវរៀបចំសំណុំឯកសារបញ្ជូនមកថ្នាក់ដឹកនាំទទួលបន្ទុកតាមឋានានុក្រម ដើម្បីផ្ដល់យោបល់ មុននឹងឈានដល់ ឯកឧត្តមរដ្ឋមន្រ្តីពិនិត្យ និងសម្រេចផ្ដល់អាជ្ញាបណ្ណ
9. សម្បទានិកត្រូវមកបង់កម្រៃអាជ្ញាបណ្ណនៅការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រោយពីមានការសម្រេចផ្ដល់អាជ្ញាបណ្ណ និងទៅយកអាជ្ញាបណ្ណពីនាយកដ្ឋានជំនាញបន្ទាប់ពីបង់កម្រៃអាជ្ញាបណ្ណ
ខ.ព័ត៌មាន
• ព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សេវាមានការបិទផ្សាយនៅក្រសួងរ៉ែនិងថាមពល និងតាមរយៈគេហទំព័ររបស់ក្រសួងរ៉ែនិងថាមពល www.mme.gov.kh
គ.ភាពឆ្លើយតប
• ផ្ដល់ព័ត៌មាន និងប្រឹក្សាយោបល់នៅច្រកចេញចូលតែមួយក្រសួងរ៉ែនិងថាមពល និងលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានធនធានរ៉ែ ដោយមានតុ កៅអីសម្រាប់អង្គុយរង់ចាំ
• មានការសម្របសម្រួល និងអន្តរាគមន៍ក្នុងករណីដែលមានការអនុវត្តខុសនីតិវិធីដែលមានចែងក្នុងប្រកាសរបស់ក្រសួងរ៉ែនិងថាមពល។


ក្រសួង / ស្ថាប័នផ្ដល់សេវា៖

ក្រសួង រ៉ែ និងថាមពល

ក្រសួងរ៉ែនិងថាមពល

ក្រសួងរ៉ែនិងថាមពល
អគារលេខ៧៩-៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ (៨៥៥) ២៣ ២១៩ ៥៧៤
ទូរសារ (៨៥៥) ២៣ ២១៩ ៥៨៤
គេហទំព័រ www.mme.gov.kh


យោបល់៖

បន្ទាប់ពីទទួលអាជ្ញាបណ្ណ ក្នុងកំឡុងពេលធ្វើប្រតិបត្តិការធនធានរ៉ែ អថិថិជនត្រូវអនុវត្តកាតព្វកិច្ចហិរញ្ញវត្ថុដូចជា៖
- បង់ថ្លៃឈ្នួលដីចំនួន ៥០ដុល្លារ ក្នុងមួយហិកតា ក្នុងរយៈពេលមួយឆ្នាំ
- បង់សួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត តាមអត្រាសួយសារដែលមានចែងក្នុងប្រកាសអន្តរក្រសួងលេខ២៨៤ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ស្ដីពីអត្រាសួយសារលើតម្លៃធនធានរ៉ែ និងនីតិវិធីនៃការបង់សួយសារ និងសេចក្ដីណែនាំលេខ០២៦៣ រថ.អធរ.សណន ចុះថ្ងៃទីស្ដីពីការបង់អត្ថប្រយោជន៍បន្ថែម មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងមូលនិធិសម្រាប់ការគ្រប់គ្រង និងកសាងសមត្ថភាពចំពោះធនធានរ៉ែសំណង់ (www.mme.gov.kh) ឬក៏ទាញយកជាមួយនឹងពាក្យស្នើសុំអាជ្ញាបណ្ណ


វាយតម្លៃ៖មតិយោបល់